ដូចម្ដេចដែលហៅថា បណ្តឹង?
ដូចម្ដេចដែលហៅថា បណ្តឹង?
គឺជាអំនាចមួយដែលច្បាប់ទទួលស្គាល់សំរាប់បុគ្គល
ឬនីតិបុគ្គលដែលប្តឹងទៅតុលាការដើម្បីទាមទារអោយមានការគោរពសិទ្ធិ
និងផលប្រយោជន៍ស្របច្បាប់របស់គេ។ ចំពោះបណ្តឹងរដ្ឋប្បវេណី
យោងទៅតាមសិទ្ធិដែលមានលើចលនវត្ថុ ឬអចលនវត្ថុ ឬលើរូបបុគ្គល ដូចជាសិទ្ធិកាន់កាប់ ដី
ផ្ទះ កង់ ឡាន ម៉ូតូ ឬប្តឹងសុំអោយអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យា ជាដើម។ បុគ្គលអ្នកប្តឹង
ត្រូវធ្វើបណ្តឹងដាក់ជូនទៅប្រធានតុលាការរដ្ឋប្បវេណី អោយបានទាន់ពេលវេលា។
កាលបើធ្វើឡើងក្រោយរយៈពេលច្បាប់កំនត់ បណ្តឹងនោះមិនអាចទទួលបានឡើយ។ ចំពោះបណ្តឹងព្រហ្មទណ្ឌ
យោងទៅតាមហេតុការណ៍ និងអន្តរាយដែលកើតមានឡើង ហើយដែលប៉ះពាល់ដលអាយុជីវិត រូបរាងកាយ
ទ្រព្យសម្បត្តិ សេចក្តីថ្លៃថ្នូរ
ឬសណ្តាប់ធ្នាប់សាធារណៈ។អ្នកប្តឹងត្រូវប្តឹងអោយចំជនល្មើសអាចសុំអោយមានការផ្តន្ទាទោសជនល្មើស
និងសុំអោយជននោះបង់ប្រាក់សងការខូចខាត ឬអាចទាមទារប្រាក់ជំងឺចិត្តបាន។
ដូចម្ដេចដែលហៅថា បណ្តឹងទាស់?
គឺជាបណ្ដឹងដែលធ្វើឡើងដើម្បីឲ្យតុលាការដែលបានសម្រេចសេចក្ដីរួចហើយ
មកជម្រះសេចក្ដីសាឡើងវិញម្ដងទៀត។
មូលហេតុដែលមានបណ្ដឹងទាស់ទៅលើសាលក្រមឬ
សាលដីការបស់សាលាឧទ្ធរណ៍ព្រោះពេលជំនុំជម្រះ គឺជនជាប់ចោទ
ដើមបណ្ដឹងរដ្ឋប្បវេណី ឬតំណាងស្របច្បាប់
អវត្តមានឬមិនបានដឹងពីការជំនុំជម្រះលើរឿងក្ដីនេះ (មាត្រា ៣៦២, ៤០៩ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។
បណ្ដឹងទាស់ អាចធ្វើឡើងបានក្នុងរយៈពេល ១៥ថ្ងៃ
បន្ទាប់ពីបានទទួលសាលក្រម សាលដីកា ឬបានដឹងយ៉ាងពិតប្រាកដ (មាត្រា ៣៦៥, ៣៦៨, ៤០៩, ៤១២
ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។
ហើតយបណ្ដឹងអាចធ្វើឡើងបានដោយដាក់ពាក្យបណ្ដឹងសរសេរជាលាយលក្ខណ៍អក្សរ
ដាក់នៅការិយាល័យក្រឡាបញ្ជីនៃតុលាការដែលបានប្រកាសសាលក្រម ឬសាលដីកា, នៅចំពោះមុខព្រះរាជអាជ្ញា, អង្គភាពនគរបាលឬកងរាជអាវុធហត្ថ
ឬនៅចំពោះមុខប្រធានពន្ធនាគារឬមណ្ឌលឃុំខ្លួន (មាត្រា ៣៦៦,៤១០ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។ បញ្ជាក់ៈ ចំពោះតុលាការកំពូលពុំមានបណ្ដឹងទាស់ទេ
ព្រោះសាលដីកាដែលប្រកាសរួចត្រូវចូលជាធរមានភ្លាម។
អ្នកដែលមានសិទ្ធិប្ដឹងទាស់ឬប្ដឹងជំនួសពិរុទ្ធជនបាន
(បកស្រាយតាមន័យច្បាប់)គឺថា៖
១- ពិរុទ្ធជនជានីតិជន
(មានអាយុចាប់ពី ១៨ ឆ្នាំឡើង)
អាចប្ដឹងបានដោយខ្លួនឯងឬពឹងអ្នកតំណាងឲ្យប្ដឹងជំនួស
(អ្នកតំណាងស្របច្បាប់គឺមេធាវី) ព្រោះថាច្បាប់នៅក្នុងប្រទេសកម្ពុជា
បានកំណត់វ័យនីតិភាពពោលគឺអាយុ ១៨ ឆ្នាំឡើងព្រោះថា
អាយុនេះអាចមានការគិតពិចារណាបានត្រឹមត្រូវទៅលើសកម្មភាពរបស់ខ្លួន។(មាត្រា ៩៦
ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។ ប៉ុន្តែ ពិរុទ្ធជនជាអនីតិជនមិនអាចប្ដឹងដោយខ្លួនឯងបាន
ព្រោះគាត់ពុំទាន់មានសមត្ថភាពតាមផ្លូវច្បាប់នៅឡើយ។
២- ពិរុទ្ធជនជាអនីតិជន (មានអាយុ
១៤ឆ្នាំ ឡើងដល់ ១៨ឆ្នាំ) អ្នកដែលអាចប្ដឹងទាស់បានមាន ឪពុកម្ដាយ អាណាព្យាបាលឬមេធាវីដែលមានការផ្ទេរសិទ្ធិពីឪពុកម្ដាយ
អាណាព្យាបាល។
មូលហេតុដែលច្បាប់ចែងឲ្យមានការប្ដឹងជំទាស់ឬប្ដឹងជំនួស
ព្រោះថា
ច្បាប់ត្រូវបានធានារក្សាសិទ្ធិដល់ជនជាប់ចោទនិងផលប្រយោជន៍ស្របច្បាប់នៅចំពោះមុខយុត្តាធិការតុលាការ។
កាលណាបណ្ដឹងជំទាស់ត្រូវបានធ្វើឡើងនោះ សាលក្រមឬសាលដីកា
ដែលបានសម្រេចត្រូវចាត់ទុកជាអត់បានការ ហើយតុលាការដដែលនោះនឹងបើកសវនាការជំនុំជម្រះសាជាថ្មីឡើងវិញ។
ដូចម្ដេចដែលហៅថា បណ្ដឹងឧទ្ធរណ៍?
បណ្ដឹងឧទ្ធរណ៍ធ្វើឡើងនៅពេលដែលព្រះរាជអាជ្ញា ជនជាប់ចោទ
ដើមបណ្ដឹងរដ្ឋប្បវេណីឬតំណាងស្របច្បាប់មិនសុខចិត្ដចំពោះសាលក្រមដែលបានសម្រេចសេចក្ដី
(មាត្រា ៣៧៣ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។
រយៈពេលប្ដឹងឧទ្ធរណ៍មួយខែ (មាត្រា ៣៨១, ៣៨២
ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។
ដូចម្ដេចដែលហៅថា បណ្ដឹងសារទុក្ខ?
បណ្ដឹងសារទុក្ខធ្វើឡើងនៅពេលដែលអគ្គព្រះរាជអាជ្ញា ជនជាប់ចោទ
ដើមបណ្ដឹងរដ្ឋប្បវេណី
ឬតំណាងស្របច្បាប់មិនសុខចិត្ដចំពោះសាលដីការបស់សាលាឧទ្ធរណ៍ (មាត្រា ៤១៧
ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។ រយៈពេលធ្វើបណ្ដឹងសារទុក្ខមួយខែ
(មាត្រា ៤២០ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។
ដូចម្ដេចដែលហៅថា បណ្ដឹងសើរើ?
គឺជាបណ្ដឹងតវ៉ាមួយប្រឆាំងទៅនឹងសាលក្រមឬសាលដីកាដែលបានចូលជាស្ថាពរ
(មាត្រា ៤៤៣ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។ អ្នកដែលធ្វើបណ្ដឹងសើរើបានគឺរដ្ឋមន្រ្តីក្រសួងយុត្ដិធម៌
ទណ្ឌិតឬអ្នកតំណាងស្របច្បាប់សហព័ទ្ធ ឪពុកម្ដាយកូន
និងជាទូទៅជនណាដែលមានប្រយោជន៍ខាងសម្ភារឬខាងផ្លូវចិត្ដក្នុងការលុបបំបាត់ទណ្ឌកម្មនេះ។
បណ្ដឹងសើរើអាចធ្វើបាននៅតុលាការកំពូល។ បណ្ដឹងទាស់ បណ្ដឹងឧទ្ធរណ៍
បណ្ដឹងសារទុក្ខ បណ្ដឹងសើរើ ធ្វើឡើងដើម្បីផលប្រយោជន៍ស្របច្បាប់។ ព្រះរាជអាជ្ញាអាចប្ដឹងទៅសាលាឧទ្ធរណ៍ដោយមិនសុខចិត្ដ
លើសាលក្រមសាលាដំបូងខេត្ត-ក្រុងបាន។
ចំណែកអគ្គព្រះរាជអាជ្ញាអាចប្ដឹងសារទុក្ខទៅតុលាការកំពូលចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍។
ជាឧទាហរណ៍៖
១-
ជនជាប់ចោទត្រូវមានទោសក្នុងបទឧក្រិដ្ឋដែលច្បាប់បានកំណត់ទោសពី ៣
ឆ្នាំទៅ ១០ ឆ្នាំហើយតុលាការនៃសាលាដំបូងផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥
ឆ្នាំ តែព្រះរាជអាជ្ញាសាលាដំបូងមិនសុខចិត្ដប្ដឹងទៅសាលាឧទ្ធរណ៍។
សាលាឧទ្ធរណ៍តម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការទាំងមូល។
២-
ជនជាប់ចោទត្រូវមានទោសក្នុងបទឧក្រិដ្ឋ
ដែលច្បាប់បានកំណត់ទោសដាក់ពន្ធនាគារពីបីឆ្នាំទៅដប់ឆ្នាំ
តែត្រូវសាលាដំបូងផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ឆ្នាំ
តែត្រូវជនជាប់ចោទប្ដឹងឧទ្ធរណ៍។
ពេលជម្រះសាលាឧទ្ធរណ៍បានសម្រេចកែប្រែទណ្ឌកម្មទោសពីដាក់ពន្ធនាគារ ៩ឆ្នាំ
មក ៤ ឆ្នាំវិញក្នុងករណីនេះ៖
ក-
អគ្គព្រះរាជអាជ្ញាមិនសុខចិត្ដនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍បានប្ដឹងសារទុក្ខទៅតុលាការកំពូល។
ខ- ពិរុទ្ធជនឬតំណាងស្របច្បាប់
មិនសុខចិត្ដនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍បានប្ដឹងសារទុក្ខទៅតុលាការកំពូល។
តែដោយសំណុំរឿងមានច្រើន
តុលាការកំពូលមិនទាន់បានបើកសវនាការជំនុំជម្រះរឿងក្ដីនេះរយៈពេលបួនឆ្នាំ
បានមកដល់។
ដោយយោងតាមសាលដីកា
របស់សាលាឧទ្ធរណ៍ដែលបានដល់ថ្ងៃកំណត់ផុតទោស។ ក្នុងករណីនេះ៖
-
អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍មានសិទ្ធិប្ដឹងសារទុក្ខទៅតុលាការកំពូលបាន។
ក-
ចំពោះបណ្ដឹងសារទុក្ខរបស់អគ្គព្រះរាជអាជ្ញាៈ
មន្រ្ដីពន្ធនាគារមិនអាចដោះលែងពិរុទ្ធជនបានទេ
ទាល់តែមានសេចក្ដីសម្រេចរបស់តុលាការកំពូលឬដល់កំណត់ទោសរបស់សាលាដំបូងទើបអាចដោះលែងពិរុទ្ធជននោះបាន។
ខ-
ចំពោះបណ្ដឹងសារទុក្ខរបស់ពិរុទ្ធជនឬអ្នកតំណាងស្របច្បាប់ៈ
មន្រ្ដីពន្ធនាគារដោះលែងពិរុទ្ធជននោះបាន។ បញ្ជាក់ៈ
–
បណ្ដឹងធ្វើឡើងដោយព្រះរាជអាជ្ញាឬអគ្គព្រះរាជអាជ្ញា
ទណ្ឌកម្មអាចត្រូវបានតុលាការសម្រេចបន្ថែមឬបន្ថយទណ្ឌកម្មទោស។
–
បណ្ដឹងធ្វើឡើងដោយពិរុទ្ធជនឬអ្នកតំណាងស្របច្បាប់តុលាការសម្រេចទណ្ឌកម្មនៅដដែល
ឬបន្ថយ (មិនសម្រេចដំឡើងទណ្ឌកម្មឡើយ)៕
លោកមេធាវីអ្វីទៅបណ្តឹងរដ្ឋប្បវេណី?
គឺជាការអនុវត្តសិទ្ធិទាមទារតាមផ្លូវតុលាការចំពោះវិវាទទាំងឡាយណា
ដែលពាក់ព័ន្ធនឹងទំនាក់ទំនងញាតិ និងទំនាក់ទំនងទ្រព្យសម្បត្តិ
ដូចជាបណ្តឹងលែងលះ បណ្តឹងទាមទារដី ឬ ប្រាក់ជាអាទិ៍។
បណ្តឹងរដ្ឋប្បវេណីត្រូវដាក់ទៅតុលាការរដ្ឋប្បវេណី
នៃការិយាល័យទទួលពាក្យបណ្តឹងនិងរដ្ឋបាលរបស់សាលាដំបូងរាជធានី‑ខេត្ត
ដោយភាគីនៃសំណុំរឿងហៅថា ដើមចោទ (អ្នកប្តឹងគេ) និងចុងចម្លើយ
(អ្នកដែលត្រូវគេប្តឹង)។ នៅពេលដាក់ពាក្យបណ្តឹងត្រូវបង់ពន្ធ
(ពន្ធដាក់ពាក្យសុំ) ដោយសមាមាត្រទៅតាមតម្លៃកម្មវត្ថុនៃបណ្តឹង
ហើយតុលាការនឹងបោះត្រាបញ្ជាក់។
ពេលដែលតុលាការទទួលបានពាក្យបណ្តឹង
តើនីតិវិធីបន្តត្រូវធ្វើដូចម្តេច?
រដ្ឋបាលតុលាការនឹងបញ្ជូនពាក្យបណ្តឹងនេះទៅចៅក្រមទទួលបន្ទុក
ដើម្បីចាត់ការជាសមត្ថកិច្ចដោយពិនិត្យទៅលើទម្រង់នៃពាក្យបណ្តឹងឬការបង់ពន្ធជាអាទិ៍ បន្ទាប់មកនឹងចាត់បញ្ជូនពាក្យបណ្តឹងនេះទៅចុងចម្លើយ។
ចំណាត់ការបន្តទៀតតុលាការនឹងកំណត់កាលបរិច្ឆេទនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល
ក្នុងអំឡុងពេលដែលច្បាប់កំណត់និងសមរម្យ
ដែលអាចឲ្យភាគីចូលរួមក្នុងនីតិវិធីត្រៀមដែលជាការអះអាងរបស់ភាគីក្នុងការឆ្លើយគាំទ្រការទាមទារ
ឬបដិសេធការទាមទារ ជាអាទិ៍ ដែលជាមូលដ្ឋាននៃការសម្រេចសេចក្តីសម្រាប់នីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
ជាបន្តតើតុលាការនឹងបើកសវនាការនៅពេលណា
ហើយប្រើសិទ្ធិសម្រេចដូចម្តេចចំពោះពាក្យបណ្តឹងនោះ? នៅពេលនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលត្រូវបានបញ្ចប់ តុលាការនឹងបន្តចំណាត់ការដោយកំណត់កាលបរិច្ឆេទទាញហេតុផលដោយផ្ទាល់មាត់
(សវនាការ) ដើម្បីសម្រេចសេចក្តីចំពោះពាក្យបណ្តឹងថា តើច្រានចោល
ឬសម្រេចតាមការទាមទារ។
ប្រសិនបើពាក្យបណ្តឹងនោះគ្មានមូលដ្ឋានឬគ្មានភ័ស្តុតាងគាំទ្រការទាមទារ តុលាការនឹងចេញសាលក្រមច្រានចោលការទាមទារ
ផ្ទុយទៅវិញបើពាក្យបណ្តឹងនោះមានមូលដ្ឋាននិងភ័ស្តុតាងគ្រប់គ្រាន់
តុលាការនឹងចេញសាលក្រមសម្រេចតាមការទាមទារ។
ចុះបើមានភាគីណាមួយមិនសុខចិត្តនឹងសាលក្រមរបស់តុលាការ តើច្បាប់ផ្តល់សិទ្ធិអី្វខ្លះឲ្យទៅភាគីនោះ? ការសម្រេចសេចក្តីរបស់តុលាការចំពោះពាក្យបណ្តឹងត្រូវធ្វើឡើងតាមរយៈសាលក្រម
ដែលជាសេចក្តីសម្រេចរបស់សាលាដំបូងរាជធានី‑ខេត្ត
(តុលាការជាន់ ទី១)។ ប្រសិនបើភាគីដែលចាញ់ក្តី មិនសុខចិត្ត ភាគីចាញ់ក្តីអាចប្តឹងឧទ្ធរណ៍នឹងសេចក្តីសម្រេចនោះទៅសាលាឧទ្ធរណ៍
(តុលាការជាន់ ទី២)
ដោយការប្តឹងឧទ្ធរណ៍ត្រូវធ្វើឡើងតាមរយៈពាក្យបណ្តឹងឧទ្ធរណ៍នៅការិយាល័យក្រឡាបញ្ជីនៃសាលាដំបូងដែលបានចេញសាលក្រមដោយត្រូវបង់ពន្ធស្មើនឹង
១,៥ ដង (មួយដងកន្លះ) នៃពន្ធដាក់ពាក្យសុំ។ បន្ទាប់ពីទទួលពាក្យបណ្តឹងឧទ្ធរណ៍
និងបានបង់ពន្ធគ្រប់ចំនួន
សាលាដំបូងរាជធានី‑ខេត្ត នឹងបញ្ជូនបណ្តឹងនោះទៅសាលាឧទ្ធរណ៍ក្នុងពេលសមរម្យដែលអាចគោរពបាននូវគោលការណ៍ស្តីពីតុលាការត្រូវរ៉ាប់រងបណ្តឹងឲ្យឆាប់រហ័សនិងយុត្តិធម៌។
នៅពេលពាក្យបណ្តឹងឧទ្ធរណ៍ទៅដល់សាលាឧទ្ធរណ៍ តើសាលាឧទ្ធរណ៍ត្រូវចាត់ការដូចម្តេច? សាលាឧទ្ធរណ៍នឹងពិនិត្យពាក្យបណ្តឹងនោះថា
តើធ្វើឡើងក្នុងអំឡុងពេលដែលច្បាប់កំណត់ឬយ៉ាងណា? បង់ពន្ធគ្រប់ចំនួនហើយឬនៅ? ជាអាទិ៍។
បន្ទាប់មកទៀត
សាលាឧទ្ធរណ៍នឹងកំណត់កាលបរិចេ្ឆទទាញហេតុផលដោយផ្ទាល់មាត់ដើម្បីត្រួតពិនិត្យឡើងវិញនូវចំណាត់ការរបស់សាលាដំបូងនិងភាពស្របច្បាប់នៃសេចក្តីសម្រេចទុកជាមូលដ្ឋាននៃការសម្រេចបន្តថា
តើច្រានចោលពាក្យបណ្តឹងឧទ្ធរណ៍ឬលុបចោលសាលក្រមសាលាដំបូងរាជធានី‑ខេត្ត
ឬបញ្ជូនត្រឡប់មកសាលាដំបូងរាជធានី‑ខេត្ត
ចាត់ការបន្តឲ្យបានសមស្របតាមផ្លូវច្បាប់ឡើងវិញ។
ចុះបើភាគីណាមួយមិនសុខចិត្តនឹងសាលដីការបស់សាលាឧទ្ធរណ៍ តើអាចប្តឹងទៅណា ឬត្រូវធ្វើដូចម្តេចទៀត? ភាគីអាចប្តឹងសារទុក្ខនឹងសាលដីការបស់សាលាឧទ្ធរណ៍ទៅតុលាការកំពូល
(តុលាការជាន់ចុងក្រោយ) ដោយការប្តឹងសារទុក្ខត្រូវធ្វើឡើងតាមរយៈពាក្យបណ្តឹងសារទុក្ខនៅការិយាល័យក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍
ដែលបានចេញសាលដីកា
ដោយត្រូវបង់ពន្ធនៃបណ្តឹងសារទុក្ខស្មើនឹង ២
ដងនៃពន្ធដាក់ពាក្យសុំ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងសារទុក្ខនិងបានបង់ពន្ធគ្រប់ចំនួន សាលាឧទ្ធរណ៍នឹងបញ្ជូនពាក្យបណ្តឹងសារទុក្ខទៅតុលាការកំពូលក្នុងអំឡុងពេលសមរម្យដែលអាចគោរពបាននូវគោលការណ៍ស្តីពីតុលាការត្រូវរ៉ាប់រងបណ្តឹងឲ្យឆាប់រហ័ស
និងយុត្តិធម៌។
នៅពេលពាក្យបណ្តឹងសារទុក្ខទៅដល់ តើតុលាការកំពូលនឹងចាត់ការដូចម្តេច? នៅពេល
មកដល់
តុលាការកំពូលនឹងពិនិត្យពាក្យបណ្តឹងសារទុក្ខនោះថា
តើធ្វើឡើងក្នុងអំឡុងពេលដែលច្បាប់កំណត់ឬយ៉ាងណា បង់ពន្ធគ្រប់ចំនួនហើយឬនៅ? ជាអាទិ៍។ តមកតុលាការកំពូលនឹងចេញដីកាសម្រេចឲ្យដើមបណ្តឹងសារទុក្ខដាក់លិខិត
បញ្ជាក់មូលហេតុនៃបណ្តឹងសារទុក្ខក្នុងអំឡុងពេលដែលច្បាប់កំណត់ (៣០ថ្ងៃ)
គិតចាប់ពីថ្ងៃបានទទួលដីកាសម្រេច។
ប្រសិនបើមិនដាក់ក្នុងអំឡុងពេលច្បាប់កំណត់នោះទេ តុលាការកំពូលនឹងលើកបណ្តឹងចោលដោយដីកាសម្រេច។
ប្រសិនបើដើមបណ្តឹងសារទុក្ខបានដាក់លិខិតបញ្ជាក់មូលហេតុនៃបណ្តឹងសារទុក្ខ
ក្នុងអំឡុងពេលដែលច្បាប់កំណត់
តុលាការកំពូលនឹងចាត់បញ្ជូនលិខិតនេះទៅចុងបណ្តឹងសារទុក្ខដើម្បីឲ្យឆ្លើយតបតាមរយៈឯកសារត្រៀម
(សារណាតប)
ក្នុងការឆ្លើយដោះបន្ទុកចំពោះការលើកឡើងរបស់ដើមបណ្តឹងសារទុក្ខ។
សាលដីការបស់តុលាការកំពូលជាសេចក្តីសម្រេចបិទផ្លូវតវ៉ា
(សាលដីកាអធិបតេយ្យ) ហើយការប្តឹងត្រូវបញ្ចប់ត្រឹមតុលាការកំពូល លើកលែងតែភាគីចាញ់ក្តីអះអាងអំពីមូលហេតុនៃការជំនុំជម្រះសាជាថ្មីហើយមានហេតុផលតាមការកំណត់របស់ច្បាប់
ភាគីនោះអាចដាក់ពាក្យបណ្តឹងទាមទារឲ្យជំនុំជម្រះសាជាថ្មី៕
Comments
Post a Comment